រដ្ឋឥស្លាមអ៊ីរ៉ាក់និងស៊ីរី (ISIS) លេចចេញពីពួកនៅសេសសល់នៃក្រុមអាល់កៃដាក្នុងប្រទេសអ៊ីរ៉ាក់ (AQI) ។ ក្រុមនេះបានអនុម័តឈ្មោះហៅក្រៅ អាយស៊ីស (ISIS) ដើម្បីបញ្ជាក់ពីមហិច្ឆិតាក្នុងតំបន់របស់ខ្លួន ដោយសារក្រុមនេះបានពង្រីកប្រតិបត្តិការ ដើម្បីបញ្ចូលជម្លោះស៊ីរី ។ ក្រុមអាយស៊ីស ត្រូវបានដឹកនាំដោយ Abu Bakr al-Baghdadi ដែលបានប្រកាសការបង្កើតរដ្ឋឥស្លាមមួយក្នុងខែមិថុនា ឆ្នាំ ២០១៤ ។ គាត់ត្រូវបានសម្លាប់នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ក្នុងប្រតិបត្តិការសឹកមួយរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនគាត់ ។ ក្រុមអាយស៊ីស បានកេងចំណេញពីជម្លោះនៅក្នុងប្រទេសស៊ីរី និង ភាពតានតឹងខាងនិកាយសាសនាក្នុងប្រទេសអ៊ីរ៉ាក់ ដែលអនុញ្ញាតឲ្យក្រុមនេះកាន់កាប់បានដែនដីក្នុងប្រទេសទាំងពីរ ។ ក្នុងឆ្នាំ ២០១៩ កម្លាំងរួបរួមសកលដើម្បីផ្តួលក្រុមអាយស៊ីស —ដែលមានប្រទេសជាដៃគូជាច្រើន និង ស្ថាប័នអន្តរជាតិ —បានរំដោះដែនដីទាំងអស់ ដែលត្រួតត្រាដោយក្រុមអាយស៊ីសក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ។ កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងក្រុមនេះក្នុងប្រទេសអ៊ីរ៉ាក់, ស៊ីរី និង ប្រទេសផ្សេងទៀតកំពុងនៅបន្ត ។
ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រុមអាយស៊ីស បានធ្វើការវាយប្រហារដែលមានការសម្របសម្រួលមួយចំនួននៅក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សជិត ១៣០ នាក់ រាប់ទាំងពលរដ្ឋអាមេរិកាំងម្នាក់ និងរបួសជាង ៣៥០ ផ្សេងទៀត ។ ក្នុងខែមីនា ឆ្នាំ ២០១៦ ក្រុមអាយស៊ីសបានដឹកនាំការវាយប្រហារជាប់ៗគ្នាចំនួនពីរលើកក្នុងទីក្រុង ព្រុចសែល ដែលបានសម្លាប់មនុស្ស ៣២ នាក់ រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងបួននាក់ផង និងរបួសជាង ២៥០ នាក់ ។ ក្នុងខែមិថុនា ឆ្នាំ ២០១៦ ខ្មាន់កាំភ្លើងម្នាក់ ដែលបានស្បថសច្ចាប្រណិធានចំពោះក្រុមអាយស៊ីស បានសម្លាប់មនុស្ស ៤៩ នាក់ និងរបួស ៥៣ នាក់ផ្សេងទៀត នៅឯរង្គសាល Pulse ក្នុងក្រុង Orlando រដ្ឋ Florida ។ ក្នុងខែកក្កដា ឆ្នាំ ២០១៦ ក្រុមអាយស៊ីសបានអះអាងចំពោះការវាយប្រហារមួយ ដែលភេវរករបើកឡានដឹកទំនិញបុកហ្វូងមនុស្សក្នុងទីក្រុង Nice ប្រទេសបារាំង កំឡុងពេលប្រារព្ធពិធីទិវាបុណ្យជាតិបារាំង (Bastille Day) ដែលបានបណ្តាលឲ្យស្លាប់មនុស្សចំនួន ៨៦ នាក់ រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងបីនាក់ផង ។ ក្នុងខែមករា ឆ្នាំ ២០១៩ ក្រុមអាយស៊ីសបានអះអាងការទទួលខុសត្រូវចំពោះការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងភោជនីយដ្ឋានមួយក្នុងទីក្រុង Manbij ប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ១៩ នាក់ រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងបួននាក់ផង ។ នៅក្នុងពិធីបុណ្យ Easter ថ្ងៃអាទិត្យ ឆ្នាំ ២០១៩ ក្នុងប្រទេស ស្រីលង្កា មនុស្សជាង ២៥០ នាក់ រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងប្រាំនាក់ផង ត្រូវបានសម្លាប់ នៅពេលដែលពួកភេវរករដែលលើកទឹកចិត្តដោយក្រុមអាយស៊ីស បានបំផ្ទុះគ្រាប់បែកអត្តឃាត ដែលមានការសម្របសម្រួល នៅតាមព្រះវិហារ និង សណ្ឋាគារជាច្រើន ។
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៤ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AQI (ដែលសព្វថ្ងៃគេស្គាល់ថាជា អាយស៊ីស) ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៤ ក្រសួងការបរទេសបានកំណត់ក្រុម AQI ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមអាយស៊ីស និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុមអាយស៊ីសឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុមអាយស៊ីស ។