បណ្តាញហាក់កានី (HQN) គឺជាអង្គការសកម្មប្រយុទ្ធមួយ ដែលធ្វើប្រតិបត្តិការនៅប្រទេសអាហ្វហ្កានីស្ថាន និង ប៉ាគីស្ថាន ដែលត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ ក្រុម HQN បានរៀបចំគម្រោង និងធ្វើការវាយប្រហារធំៗ និងចាប់ជំរឹតជាច្រើន ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក និង កងកម្លាំងចម្រុះ នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន, រដ្ឋាភិបាលអាហ្វហ្កានីស្ថាន និងគោលដៅជនស៊ីវិលផ្សេងទៀត ។ ក្នុងខែមិថុនា ឆ្នាំ ២០១២ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយរបស់ក្រុម HQN មកលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក ក្នុងខេត្ត Khost ប្រទេសអាហ្វហ្កានីស្ថាន បានសម្លាប់ទាហានអាមេរិកាំងចំនួនពីរនាក់ និងរបួសជាង ១០០ នាក់ផ្សេងទៀត ។ មន្រ្តីអាហ្វហ្កានីស្ថានបានដាក់ការស្តីបន្ទោសលើក្រុម HQN ចំពោះការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកទំនិញមួយគ្រឿងនៅខែឧសភា ឆ្នាំ ២០១៧ ក្នុងទីក្រុងកាប៊ុល ដែលបានឆក់យកអាយុជីវិតមនុស្សជាង ១៥០ នាក់ ។ គេជឿថា ក្រុម HQN គឺជាអ្នកទទួលខុសត្រូវចំពោះការដាក់គ្រាប់បែកលើរថយន្តសង្រ្គោះបន្ទាន់នៅខែមករា ឆ្នាំ ២០១៨ ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ ។ មន្រ្តីអាហ្វហ្កានីស្ថានក៏បានបន្ទោសក្រុម HQN ផងដែរចំពោះការវាយប្រហារមួយនៅខែមករា ឆ្នាំ ២០១៨ មកលើសណ្ឋាគារអាំងទែកង់ទីណង់តាល់ ក្នុងទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សចំនួន ២២ នាក់ ។
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម HQN ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១២ ក្រសួងការបរទេសបានកំណត់ក្រុម HQN ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម HQN និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម HQN ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម HQN ។