ក្រុម Lashkar-e Tayyiba (LeT) ក៏ត្រូវបានគេស្គាល់ថាជា កងទ័ពអ្នកសុចរិត គឺជាក្រុមភេវរករមួយដែលមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន ដែលបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ។ ក្រុម LeT បានធ្វើប្រតិបត្តិការជាច្រើន រាប់បញ្ចូលទាំង ការវាយប្រហារទ្រង់ទ្រាយធំជាច្រើនប្រឆាំងនឹងកងទាហានឥណ្ឌា និង គោលដៅជនស៊ីវិល ចាប់តាំងពីឆ្នាំ ១៩៩៣ ។ ក្រុមនេះក៏បានវាយប្រហារកងកម្លាំងចម្រុះក្នុងប្រទេសអាហ្វហ្កានីស្ថាន ។ ក្រុម LeT ទទួលខុសត្រូវចំពោះការវាយប្រហារភេវរកម្មក្នុងខែវិច្ឆិកា ឆ្នាំ ២០០៨ ក្នុងទីក្រុងម៉ាំបៃ ប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សចំនួន ១៦៦ នាក់ –រាប់បញ្ចូលទាំង ពលរដ្ឋអាមេរិកាំងចំនួនប្រាំមួយនាក់–និងរបួសជាង ៣០០ នាក់ ។
នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០០១ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម LeT ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០១ ក្រសួងការបរទេសបានកំណត់ក្រុម LeT ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម LeT និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម LeT ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម LeT ។