ក្រុម Jama’at Nusrat al-Islam wal-Muslimin (JNIM) បានហៅខ្លួនឯងថាជា សាខាផ្លូវការរបស់ក្រុមអាល់កៃដាក្នុងប្រទេសម៉ាលី ។ ក្នុងឆ្នាំ ២០១៧ សាខានៅវាលខ្សាច់សាហារានៃក្រុមអាល់កៃដាក្នុងតំបន់ឥស្លាម Maghreb, ក្រុមអាល់-មួរ៉ាប៊ីទួន, ក្រុមអាន់សារ អាល់ឌីន និង រណសិរ្សរំដោះម៉ាស៊ីណា បានរួបរួមគ្នាដើម្បីបង្កើតក្រុម JNIM ។ ធ្វើប្រតិបត្តិការនៅក្នុងប្រទេសម៉ាលី, នីហ្សេ និង បួគីណាហ្វាសូ ក្រុម JNIM ទទួលខុសត្រូវចំពោះការវាយប្រហារ និងការចាប់ជំរឹតជាច្រើន ។ ក្នុងខែមិថុនា ឆ្នាំ ២០១៧ ក្រុម JNIM បានធ្វើការវាយប្រហារមកលើរមណីយដ្ឋានមួយកន្លែងនៅក្រៅរដ្ឋធានីបាម៉ាកូ ដែលសម្បូរទៅដោយភ្ញៀវមកពីបច្ចិមប្រទេសមកទស្សនា ហើយទទួលខុសត្រូវចំពោះការវាយប្រហារទ្រង់ទ្រាយធំដែលមានការសម្របសម្រួលក្នុងរដ្ឋធានីអៅហ្កាឌូហ្គូ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៨ ។ ក្នុងខែកញ្ញា ក្រុម JNIM បានបំផ្ទុះគ្រាប់មីននៅក្រោមឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលប្រទេសម៉ាលី ដែលបានសម្លាប់ជនស៊ីវិល ១៤ នាក់ និងរបួស ២៤ នាក់ផ្សេងទៀត ។
នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម JNIM ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ក្រសួងការបរទេសបានកំណត់ក្រុម JNIM ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម JNIM និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម JNIM ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម JNIM ។