ក្រុម Al-Shabaab គឺជាសាខាមួយរបស់ក្រុមអាល់កៃដា ហើយមានចំណងទាក់ទងជាមួយសាខា AQ ដទៃទៀត រាប់បញ្ចូលទាំង AQ នៅក្នុងឧបទ្វីបអារ៉ាប់ និងនៅក្នុងតំបន់ឥស្លាម Maghreb ។ ក្រុម Al-Shabaab គឺជាដៃជើងសកម្មប្រយុទ្ធនៃអតីតក្រុមប្រឹក្សាតុលាការឥស្លាមសូម៉ាលី ដែលបានកាន់កាប់ផ្នែកផ្សេងៗនៃប្រទេសសូម៉ាលី ភាគខាងត្បូង ក្នុងឆមាសទីពីរនៃឆ្នាំ ២០០៦ ។ ចាប់តាំងពីចុងឆ្នាំ ២០០៦ មក ក្រុម al-Shabaab និង កម្លាំងសកម្មប្រយុទ្ធបានចូលរួមក្នុងកុបកម្មហិង្សា ដោយការប្រើចំបាំងទ័ពព្រៃ និង យុទ្ធវិធីភេវរករប្រឆាំងរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសសូម៉ាលី ។
ក្រុម Al-Shabaab បានធ្វើការវាយប្រហារជាច្រើនក្នុងប្រទេសសូម៉ាលី, កេនយ៉ា, អ៊ូហ្កង់ដា និង ជីប៊ូទី ។ ក្រុម Al-Shabaab បានទទួលខុសត្រូវចំពោះការដាក់បំផ្ទុះគ្រាប់បែកអត្តឃាត ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១០ ក្នុងរដ្ឋធានីកំប៉ាឡា ។ ការវាយប្រហារ ដែលបានកើតឡើងក្នុងកំឡុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក បានឆក់យកជីវិតមនុស្សចំនួន ៧៦ នាក់ រាប់បញ្ចូលទាំងពលរដ្ឋអាមេរិកាំងម្នាក់ផង ។ នៅខែកញ្ញា ឆ្នាំ ២០១៣ ក្រុម al-Shabaab បានបើកការវាយប្រហារដ៏ធំមួយមកលើអាគារផ្សារទំនើប Westgate ក្នុងទីក្រុង ណៃរ៉ូប៊ី ។ ការកាន់កាប់រយៈពេលជាច្រើនថ្ងៃបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់យ៉ាងតិច ៦៥ នាក់ ព្រមទាំងទាហាន និងមន្រ្តីនគរបាលចំនួនប្រាំមួយនាក់ និងមនុស្សរាប់រយនាក់ទៀតរងរបួស ។ នៅខែមេសា ឆ្នាំ ២០១៥ ក្រុម al-Shabaab បានធ្វើការវាយប្រហារដោយប្រើអាវុធធុនស្រាល និង គ្រាប់បែកដៃមកលើសកលវិទ្យាល័យ Garissa University College របស់ប្រទេសកេនយ៉ា ដែលបានសម្លាប់មនុស្សចំនួន ១៤៨ នាក់ ។
នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០០៨ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម al-Shabaab ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមក នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០០៨ ក្រសួងការបរទេសបានកំណត់ក្រុម al-Shabaab ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម al-Shabaab និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម al-Shabaab ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម al-Shabaab ។