ក្រុមអាល់កៃដា (AQ) ត្រូវបានរៀបចំអង្គការចាត់តាំងដោយ អូសាម៉ា ប៊ីន ឡាដិន (Usama bin Ladin) ក្នុងឆ្នាំ ១៩៨៨ ជាមួយប្រជាជនអារ៉ាប់ ដែលបានចូលរួមប្រយុទ្ធក្នុងប្រទេសអាហ្វហ្កានីស្ថាន ប្រឆាំងនឹងកងកម្លាំងយោធារបស់សហភាពសូវៀត ដែលសព្វថ្ងៃលែងមានទៀតហើយ ។ ក្រុម AQ ខិតខំលុបបំបាត់ឥទ្ធិពលលោកខាងលិច ចេញពីពិភពមូស្លីម, ផ្តួលរំលំរដ្ឋាភិបាល “ដែលបោះបង់ជំនៀសាសនា” នៃបណ្តាប្រទេសមូស្លីម ហើយបង្កើតរដ្ឋឥស្លាមរួមមួយ គ្រប់គ្រងដោយការបកស្រាយ ឬការអនុវត្តផ្ទាល់នៃច្បាប់សាសនា ដែលនៅទីបំផុតនឹងក្លាយជាចំណុចកណ្តាលនៃសណ្តាប់ធ្នាប់អន្តរជាតិថ្មីមួយ ។ សំខាន់ គោលបំណងទាំងនេះនៅតែមិនផ្លាស់ប្តូរ ចាប់តាំងពីការប្រកាសសង្រ្គាមជាសាធារណៈ នៅឆ្នាំ ១៩៩៦ របស់ក្រុមនេះ ប្រឆាំងនឹងសហរដ្ឋអាមេរិក ។ ក្រុម AQ បានបាត់បង់ភ្នាក់ងារសម្ងាត់ថ្នាក់កណ្តាល និងជាន់ខ្ពស់រាប់សិបនាក់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើនប្រឆាំងភេវរកម្ម ប៉ុន្តែពួកគេនៅតែបន្តជ្រើសរើសអ្នកថ្មី, រៀបផែនការ, លើកទឹកចិត្ត និងធ្វើការវាយប្រហារទៀត ។ ក្រុម AQ មានអង្គការជាសម្ព័ន្ធភាពក្នុងមជ្ឈិមបូព៌ា អាហ្រ្វិក និង អាស៊ី ហើយសំខាន់ កម្លាំងបច្ចុប្បន្នគឺនៅក្នុងអង្គការសម្ព័ន្ធមិត្តទាំងនេះ ។
ក្រុម AQ ទទួលខុសត្រូវចំពោះការវាយប្រហារទ្រង់ទ្រាយធំៗ និងមានចំនួនជនរងរបួស និងស្លាប់ជាច្រើន ។ ក្រុម AQ បានដាក់គ្រាប់បែកបំផ្ទុះប្រឆាំងកងកម្លាំងទ័ពអាមេរិកនៅទីក្រុងអាដិន ប្រទេស យេម៉ែន ក្នុងឆ្នាំ ១៩៩២ ហើយបានអះអាងទទួលខុសត្រូវចំពោះការបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រសហរដ្ឋអាមេរិក និងការសម្លាប់ទាហានអាមេរិកក្នុងប្រទេសសូម៉ាលី ក្នុងឆ្នាំ ១៩៩៣ ។ ក្រុម AQ ក៏បានដាក់គ្រាប់បែកបំផ្ទុះស្ថានទូតសហរដ្ឋអាមេរិកនៅខែ សីហា ឆ្នាំ ១៩៩៨ ក្នុងទីក្រុង Nairobi និង Dar es Salaam ដែលបានសម្លាប់មនុស្សចំនួន ២២៤ នាក់ និងរបួសជាង ៥០០០ នាក់ ។ ក្នុងខែតុលា ឆ្នាំ ២០០០ ក្រុម AQ បានធ្វើការវាយប្រហារអត្តឃាតមួយមកលើនាវា USS Cole ក្នុងកំពង់ផែអាដិន ជាមួយទូកផ្ទុកដោយរំសេវផ្ទុះ ដែលបានសម្លាប់ទាហានជើងទឹកសហរដ្ឋអាមេរិកចំនួន ១៧ នាក់ និងរបួសជាង ៣០ នាក់ ។ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ សមាជិកក្រុម AQ ១៩ នាក់ បានប្លន់យន្តហោះដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិកចំនួនបួនគ្រឿង – ពីរបើកទៅបុកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុង ញូយ៉ក, មួយបុកមន្ទីរប៉ង់តាហ្កូន និងមួយចុងក្រោយធ្លាក់ក្នុងទីវាលមួយក្នុងក្រុង Shanksville រដ្ឋ Pennsylvania ។ ការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញានេះ បានសម្លាប់មនុស្សជិត ៣០០០ នាក់ ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៩ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AQ ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០១ ក្រុម AQ ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធនៃ បទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ។ ជាលទ្ធផលនៃការកំណត់នេះ ក្នុងចំណោមផលវិបាកផ្សេងទៀត រាល់ទ្រព្យសម្បត្តិ និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិរបស់ក្រុម AQ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម AQ ឡើយ ។ លើសពីនេះ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម AQ ។