ពីដំបូងគេស្គាល់ថាជា ក្រុមចលនា Salafist ដើម្បីការប្រៀនប្រដៅ និងការប្រយុទ្ធ អាល់កៃដា (GSPC) នៅក្នុងតំបន់ឥស្លាម Maghreb (AQIM) បានលេចជារូបរាងឡើង បន្ទាប់ពីក្រុមនេះបានប្រកាសសច្ចាប្រណិធានដល់ក្រុមអាល់កៃដា ក្នុងឆ្នាំ ២០០៦ ។ បើទោះជាក្រុម AQIM នៅជាក្រុមភេវរករដែលផ្តោតជាសំខាន់ក្នុងតំបន់ ក៏ក្រុមនេះបានប្រកាន់យកវោហាសាស្រ្ត និងមនោគមវិជ្ជាប្រឆាំងនឹងបច្ចិមប្រទេសកាន់តែខ្លាំង ។
ក្រុម AQIM បានប្រព្រឹត្តអំពើភេវរកម្មជាទៀងទាត់ រាប់បញ្ចូលទាំង ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាត, ការវាយប្រហារមកលើគោលដៅជនស៊ីវិល និង ប្រតិបត្តិការចាប់ខ្លួនដើម្បីទារយកប្រាក់លោះ ។ ការដាក់គ្រាប់បែករបស់ក្រុម AQIM នៅអាគារស្នាក់ការអង្គការសហប្រជាជាតិឆ្នាំ ២០០៧ និង អាគាររដ្ឋាភិបាលអាល់ហ្សេរី ក្នុងទីក្រុងអាល់ហ្សេ បានសម្លាប់មនុស្ស ៦០ នាក់ ។ នៅខែមករា ឆ្នាំ ២០១៦ ក្រុម AQIM បានធ្វើការវាយប្រហារមកលើសណ្ឋាគារមួយនៅប្រទេសបួគីណាហ្វាសូ ដែលបានសម្លាប់មនុស្ស ២៨ នាក់ និងរបួស ៥៦ នាក់ ។ នៅខែមីនា ឆ្នាំ ២០១៦ ក្រុម AQIM បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារមកលើរមណីយដ្ឋានឆ្នេរសមុទ្រមួយក្នុងប្រទេសកូតឌីវ័រ ដែលបានសម្លាប់មនុស្សជាង ១៦ នាក់ និងរបួស ៣៣ នាក់ផ្សេងទៀត ។ នៅខែមករា ឆ្នាំ ២០១៧ ក្រុម AQIM បានវាយប្រហារអត្តឃាត ដែលបានបណ្តាលឲ្យមនុស្សជាង ៥០ នាក់ស្លាប់ក្នុងទីក្រុងហ្កៅ ប្រទេសម៉ាលី ។
នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០០២ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AQIM ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ពីដំបូង នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០១ ក្រុម AQIM ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធនៃ បទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ហើយក្រោយមកទៀតត្រូវប្រឈមនឹងទណ្ឌកម្មក្រោមបទបញ្ជានេះ ថាជា ភេវរករសកលមុខសញ្ញាពិសេស ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម AQIM និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម AQIM ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម AQIM ។