ក្រុមអាល់កៃដាក្នុងឧបទ្វីបអារ៉ាប់ (AQAP) គឺជាក្រុមជ្រុលនិយមមានមូលដ្ឋាននៅក្នុងប្រទេសយេម៉ែន ដែលបានលេចឡើងនៅខែមករា ឆ្នាំ ២០០៩ ក្រោយមានការបង្រួបបង្រួមសមាសភាពភេវរករយេម៉ែន និង សាអូឌីត ។ គោលបំណងដែលបានលើកឡើងរបស់ក្រុម AQAP រាប់បញ្ចូលទាំងការបង្កើតរដ្ឋឥស្លាមមួយ និងការអនុវត្តច្បាប់សាសនានៅឧបទ្វីបអារ៉ាប់ និង មជ្ឈិមបូព៌ាឲ្យកាន់តែទូលាយជាងមុន ។ ក្រុម AQAP បានយកផលប្រយោជន៍ក្នុងស្រុក, ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងបច្ចិមលោក ក្នុងឧបទ្វីបអារ៉ាប់ ព្រមទាំងនៅបរទេសធ្វើជាគោលដៅ ។ ក្រុមនេះបានអះអាងការទទួលខុសត្រូវចំពោះអំពើភេវរកម្មជាច្រើន រួមមានការវាយប្រហារនៅខែមករា ឆ្នាំ ២០១៥ មកលើការិយាល័យការសែតដៀលត្មះ Charlie Hebdo ក្នុងទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្សចំនួន ១២ នាក់ ។
ក្រុម AQAP គឺជាសាខាមួយរបស់ក្រុម AQ ហើយមេដឹកនាំរបស់ក្រុម AQAP ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរបស់ក្រុម AQ ដើម្បីរៀបចំគម្រោងវាយប្រហារនានា ។ អ្នកបំផ្ទុះគ្រាប់បែករបស់ក្រុម AQAP បានច្នៃគ្រាប់បែកដាក់ក្នុងខោទ្រនាប់ សម្រាប់គម្រោងបំផ្ទុះយន្តហោះនៅថ្ងៃបុណ្យណូអែលឆ្នាំ ២០១២ ហើយក៏បានផ្ញើគ្រាប់បែកដែលភ្ជាប់ជាមួយម៉ាស៊ីនព្រីន ទៅសហរដ្ឋអាមេរិក តាមរយៈក្រុមហ៊ុនដឹកជញ្ជូនផងដែរ ។
នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១០ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AQAP ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម និងជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាម បទបញ្ជាដាច់ណាត់លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម AQAP និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម AQAP ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម AQAP ។