ក្រុមអាយស៊ីសក្នុងមហាវាលខ្សាច់សាហារ៉ា (ISIS-GS) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ បន្ទាប់ពីក្រុមនេះបានបំបែកខ្លួនចេញពីក្រុមអាល់-មួរ៉ាប៊ីទួន (Al-Mourabitoun) ដែលជាក្រុមបំបែកខ្លួនអាល់កៃដា ហើយបានស្បថសច្ចាប្រណិធានចំពោះក្រុមអាយស៊ីស ។ មានមូលដ្ឋានធំនៅក្នុងប្រទេសម៉ាលី ហើយធ្វើប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសម៉ាលី និង នីហ្សេ ក្រុមនេះក៏សកម្មផងដែរក្នុងប្រទេសបួគីណាហ្វាសូ ។ ក្រុម ISIS-GS បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើន រួមមាន ការវាយប្រហារនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០១៧ មកលើក្រុមល្បាតរួមរបស់សហរដ្ឋអាមេរិក និង នីហ្សេ ក្នុងតំបន់ Tongo Tongo ប្រទេសនីហ្សេ ដែលបណ្តាលឲ្យស្លាប់ទាហាអាមេរិកចំនួនបួននាក់ និង ទាហាននីហ្សេចំនួនបួននាក់ ។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុម ISIS-GS បានបើកការវាយប្រហារមួយមកលើមូលដ្ឋានកងទ័ពម៉ាលី ដែលបានសម្លាប់ទាហានចំនួន ៥៤ នាក់ ។
នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម ISIS-GS ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ ក្រសួងការបរទេសបានកំណត់ក្រុម ISIS-GS ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម ISIS-GS និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម ISIS-GS ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម ISIS-GS ។