ក្រុមហ៊ិសប៊ុលឡា គឺជាក្រុមភេវរករមួយដែលមានមូលដ្ឋាននៅប្រទេសលីបង់ ដែលទទួលបានសព្វាវុធ ការបណ្តុះបណ្តាល និង ការផ្តល់ហិរញ្ញវត្ថុពីប្រទេសអ៊ីរ៉ង់ ដែលរដ្ឋមន្រ្តីក្រសួងការបរទេសបានកំណត់ថាជា រដ្ឋគាំទ្រសកម្មភាពភេវរកម្ម ក្នុងឆ្នាំ ១៩៨៤ ។ ក្រុមហ៊ិសប៊ុលឡា នៅតែជាបណ្តាញភេវរករដ៏ធំមួយ ហើយទទួលខុសត្រូវចំពោះការវាយប្រហារទ្រង់ទ្រាយធំៗជាច្រើន ។ ការវាយប្រហារទាំងនោះ មានដូចជា ការដាក់បំផ្ទុះគ្រាប់បែកអត្តឃាតឆ្នាំ ១៩៨៣ លើឡានដឹកទំនិញ នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបេរូត និង បន្ទាយទាហានជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុងបេរូត; ការវាយប្រហារឆ្នាំ ១៩៨៤ មកលើអាគារបន្ថែមរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងបេរូត; និងការប្លន់យន្តហោះ ដែលមានជើងហោះហើរលេខ ៨៤៧ របស់ក្រុមហ៊ុនអាកាសចរណ៍ TWA ។ ក្រុមហ៊ិសប៊ុលឡា ក៏មានការជាប់ពាក់ព័ន្ធផងដែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់ នៅក្នុងការវាយប្រហារឆ្នាំ ១៩៩២ មកលើស្ថានទូតអ៊ីស្រាអែលក្នុងប្រទេសអាហ្សង់ទីន ក៏ដូចជាការដាក់គ្រាប់បែកបំផ្ទុះឆ្នាំ ១៩៩៤ នៅសហគមន៍ជំនួយសង្គហៈអាហ្សង់ទីនជ្វីហ្វ ក្នុងទីក្រុងប៊ុយណូស៊ែ ។ ក្នុងឆ្នាំ ២០១២ ភ្នាក់ងារសម្ងាត់របស់ក្រុមហ៊ិសប៊ុលឡា បានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដោយជោគជ័យនៅក្នុងប្រទេស ប៊ុលហ្ការី ។ ការជំរុញឲ្យអនុវត្តច្បាប់បានធ្វើឲ្យការប៉ុនប៉ងវាយប្រហារ និង ការរៀបចំផែនការសម្ងាត់របស់ក្រុមហ៊ិសប៊ុលឡាមិនបានសម្រេច ក្នុងបណ្តាប្រទេសមួយចំនួន ដូចជា អាស៊ែបៃហ្សង់, ស៊ីប, អេហ្ស៊ីប, កូវ៉ែត, នីហ្សេរីយ៉ា, ប៉េរូ និង ថៃ ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ ក្រុមហ៊ិសប៊ុលឡា ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមក នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០០១ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានកំណត់ក្រុមហាម៉ាស់ ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ិសប៊ុលឡា និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុមហ៊ិសប៊ុលឡាឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុមហ៊ិសប៊ុលឡា ។